នៅ​ពេល​ស្ថិត​នៅ​ក្នុង​វ័យ​ខ្ទង់​ ២០ ប្រិយមិត្ត​ប្រហែល​ជា​មិន​សូវ​បាន​គិត​គ្រប់ជ្រុងជ្រោយ​នោះ​ឡើយ ហើយ​ក៏​​មិន​បាន​យកចិត្តទុកដាក់​លើ​ការ​ពង្រឹង​ការងារ​ក្នុង​កម្រិត​ខ្ពស់​ប៉ុន្មាន​ដែរ។ លោក​អ្នក​អាច​ធ្វើ​ការ​សម្រេចចិត្ត​ភ្លាមៗ មិន​បាន​គិត​ពិចារណា​ឲ្យ​បាន​ដិតដល់ ឬ ធ្វើ​អ្វីៗ​ ​ទៅ​តាម​តែ​នឹក​ឃើញ។

ទាំងនេះ​សុទ្ធតែ​ជា​ហានិភ័យ​មួយ​ ដែល​​អាច​ធ្វើ​ឲ្យ​អនាគត​របស់​​លោក​អ្នក​ស្ថិត​នៅ​​ក្នុង​ភាព​មិន​ប្រាកដប្រជា។ សាក​តាមដាន​ទាំងអស់​គ្នា​ទៅ​មើល៍​ថា តើ​​​មិត្ត​អ្នកអាន​មាន​ចំណុច​ទាំង ៨ នេះ​ដែរ​ឬទេ? បើ​មាន​ឆាប់​ជម្រុះ​ចោល​​​ក្នុង​ឆ្នាំ ២០១៤ នេះ​ឲ្យ​ហើយ​ទៅ មុន​ឆ្នាំ ២០១៥ ចូល​មក​ដល់!​

​១)​ ធ្វើ​ពុធ​​អ្វី​​មួយ​ដែល​អ្នក​មិន​ចង់​​ធ្វើ
អ្នក​ប្រហែលជា​ដើរតួ​សម្ដែង​​បាន​ល្អ​ ធ្វើ​ជា​មនុស្ស​ម្នាក់​​ដែល​សកម្ម​នឹង​ការងារ រៀនសូត្រ គោរព​ស្រលាញ់ ​ជា​ដើម​ដើម្បី​​ទាក់ទាញ​ប្រជាប្រិយភាព និង ចំណាប់​អារម្មណ៍​ពី​អ្នកដទៃ​ទាង​ការពិត​ថា អ្នក​មិន​ចង់​ធ្វើ​រឿង​ទាំង​នេះ​ឡើយ។ បើ​អ្នក​ផុង​ខ្លួន​ក្នុង​ស្ថានភាព​​បែប​នេះ​មាន គួរ​តែ​ដកខ្លួន​ឲ្យ​ហើយ​ ហើយ​សម្ដែង​ការពិត​របស់​អ្នក​ចេញ​មក ទើប​អ្នក​អាច​​ជួសជុល​ចំណុច​អវិជ្ជមាន​របស់​អ្នក​បាន។

២) ធ្វើ​ការ​សម្រេចចិត្ត​ដោយ​​ផ្អែកលើ​​ទឹកលុយ
អ្នក​ប្រហែល​​ជា​មនុស្ស​ដែល​ចូលចិត្ត​ធ្វើ​​ការងារ​ផ្សេងៗ ដើម្បី​គោលដៅ​មួយ​តែ​ប៉ុណ្ណោះ​​គឺ​លុយ​។ ដូច​ច្នេះ​បើ​ប្រាក់​ខែ​តិច វា​ច្បាស់​ថា អ្នក​មិន​ខ្ចី​ខ្វល់ ឬ មិន​ធ្វើ​តែម្តង។ ​នេះ​គឺ​ជា​រឿង​មួយ​គ្រោះ​ថ្នាក់​ ព្រោះ​ថា ការ​យក​​លុយ​​ដឹក​មុខ​នៅ​​ពេល​​សម្រេចចិត្ត​ផ្សេងៗ​​មិន​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អាជីព​នោះ​ឡើយ តែ​អាជីព​ទេ​ដែល​ធ្វើ​ឲ្យ​អ្នក​រកលុយ​បាន​ច្រើន។ ទោះបី​ជា​បាន​លុយ​តិច​ក៏ដោយ ឲ្យ​តែ​ការងារ​ត្រូវ​ជំនាញ​ និង បទពិសោធន៍​ អ្នក​គួរ​តែ​ដាក់​ខ្លួន​ធ្វើ​ទៅ​។

៣) ​ធ្វើ​ការ ៥០ ម៉ោង ៦០ ម៉ោង និង ៨០ ម៉ោង​ក្នុង​មួយ​សបា្តហ៍
អ្នក​មិនមែន​​​ជា​ម៉ាស៊ីន​ទេ​ មែនទេ? ពីព្រោះ​តែ​​ចង់​បាន​លុយ ចង់​ទាក់ទាញ​ចៅហ្វាយ​របស់​អ្នក ឬ ខិតខំ​ដើម្បី​ឲ្យ​ជីវិត​ការងារ​របស់​អ្នក​ជោគជ័យ អ្នក​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​គ្មាន​ពេល​ទំនេរ​គ្រប់គ្រាន់​សម្រាប់​លំហែកាយ គេង​មិន​ឆ្អែត​ គិត​តែ​ធ្វើ​ការ​គ្មាន​ថ្ងៃសម្រាក។ មនុស្ស​ដែល​មាន​ធ្វើ​ការ​បែប​នេះ ជីវិត​គួរ​ឲ្យ​អាណិត​ណាស់។ សូម​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់​ ហើយ​មក​រៀបចំ​គម្រោង​ការងារ​ឲ្យ​​បាន​ល្អ និង បែងចែក​ពេលវេលា​​ឲ្យ​បាន​ត្រឹមត្រូវ ទើប​​ជីវិត​របស់​អ្នក​រស់​នៅ​ដោយ​ភាព​ស្រស់ស្រាយ​​បាន​។

៤) ទុក​គ្រួសារ និង មិត្តភាព​​មួយ​ឡែក
បុគ្គល​ជោគជ័យ​ គឺ​ជា​មនុស្ស​ដែល​សំបូរ​ទៅ​ដោយ​​មិត្តភាព​ជា​មួយ​បុគ្គល​ជោគជ័យ​ច្រើន​ដែរ​ ហើយ​នោះ​មិនមែន​​ត្រឹមតែ​អ្នក​រួម​ការងារ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​មិត្តភក្ដិ ​ជា​ពិសេស​គ្រួសារ​របស់​អ្នក។ ប៉ុន្តែ បើ​​អ្នក​រុញច្រាន​ខ្លួន​អ្នក​ងាក​ចេញ​ពី​ទំនាក់ទំនង​ទាំងនេះ ហើយ​ចាត់ទុក​គ្រួសារ និង មិត្តភក្ដិ​ជា​​​មិន​សូវ​សំខាន់​ហើយ​នោះ មានន័យ​ថា អ្នក​​ក៏​កំពុង​ព្យាយាម​​ដាក់​ខ្លួន​ឯង​ឲ្យ​​​ឯកោ​ផង​ដែរ។

៥) ​គ្រប់គ្រង​សព្វបែបយ៉ាង​ទាំងអស់
តំណែង​ជា​​ប្រធាន​គ្រប់គ្រង គឺ​ជា​មោទនភាព​មួយ​ដែល​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ភ្លេច​ខ្លួន​ចង់​ប្រមូល​ផ្តុំ​អំណាច​គ្រប់គ្រង​លើ​បុគ្គលិក​គ្រប់​រូប និង មិត្ត​រួម​ការងារ​របស់​អ្នក។ អ្នក​អាច​គិត​ថា ខ្លួន​អ្នក​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​​អាច​សម្រេច​កិច្ចការ​ធំៗ​ដោយ​ខ្លួន​ឯង​បាន​ មិន​ចាំបាច់​ពឹងពាក់​អ្នកណា​ទាំងអស់។ ទីបំផុត​ទៅ ​របៀប​​គ្រប់គ្រង​បែប​នេះ​នឹង​​ធ្វើ​ឲ្យ​អ្នក​បាន​ត្រឹមតែ​​​បាត់បង់​សម្ព័ន្ធភាព​ការងារ​តែ​ប៉ុណ្ណោះ។

៦) មិន​ប្រឈមមុខ​នឹង​កំហុស​ដែល​អាច​កើត​មាន​ឡើង
អ្នក​​អាច​ជា​មនុស្ស​ម្នាក់​ដែល​​ភ័យខ្លាច​​​ថា កំហុស​នឹង​កើត​មាន​ឡើង ប្រសិន​​បើ​អ្នក​ធ្វើ​ការងារ​នេះ ឬ ការងារ​នោះ។ ហេតុដូច្នេះហើយ អ្នក​ចេះ​តែ​ដើរ​គេច​ចេញ​មិន​ព្រម​ធ្វើអ្វី​សោះ ហើយ​បើ​មាន​ឧបសគ្គ​កើត​មាន​ឡើង​​ក៏​មិន​ហ៊ាន​ប្រឈមមុខ​ជា​ដើម។ នេះ​គឺ​ជា​រូបភាព​ដ៏​គ្រោះ​ថ្នាក់​មួយ ត្បិតអី​ជីវិត​ការងារ​ដែល​ជោគជ័យ​ គឺ​ជា​ជីវិត​ដែល​ទទួល​​យក​ និង ហ៊ាន​ប្រឈមមុខ​ទៅ​នឹង​ឧបសគ្គ​ដែល​កើត​មាន​ឡើង​ដោយ​ការ​ទទួល​ខុសត្រូវ។ ​​

៧) អាត្មានិយម
យុទ្ធសាស្ត្រ​ទំនាក់ទំនង​ដ៏​ល្អ​បំផុត​​របស់​អ្នក​ គឺ​ការ​ស្វែង​រក​ឱកាស​ថ្មីៗ​ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​បាន​ច្រើន។ ប្រសិន​បើ​អ្នក​ដាក់​ខ្លួន​អ្នក​មាន​ភាព​អាត្មានិយម ធ្វើ​អ្វីៗ​ដើម្បី​តែ​ខ្លួន​ឯង មិន​យល់​ពី​អារម្មណ៍​​និង ផលប្រយោជន៍​រួម​របស់​​អ្នកដទៃ​ នេះ​មានន័យ​ថា អ្នក​កំពុង​កសាង​ទ្រនំ​ខ្ទម​​​​រស់​នៅ​ម្នាក់​ឯង​នៅ​កណ្តាល​ព្រៃ​ហើយ។

៨) មិន​ឲ្យ​តម្លៃ​សុភមង្គល​របស់​ខ្លួន
​​​​មនុស្ស​​ភាគ​ច្រើន​បាន​យល់​ថា សុភមង្គល​របស់​ខ្លួន​នឹង​មាននៅ​ពេល​បន្ទាប់​​ ​ថ្ងៃ​ស្អែក ឬ ឆ្នាំ​ក្រោយ​ ​ជា​ដើម។ ហេតុដូច្នេះ​ហើយ​បាន​ជា​ពួកគេ​បាន​​ចាត់​ទុក​រឿង​នេះ​មួយ​ឡែក​ហើយ​​យកចិត្ត​ទុកដាក់​លើ​ការងារ​ផ្សេង​ទៅ​វិញ។ គួរ​ឲ្យ​សោកស្តាយ​ អ្វី​ដែល​ពួកគេ​រំពឹង​ទុក​ មិន​ច្បាស់​ថា ១០០% កើត​មាន​​នៅ​ពេល​បន្ទាប់​នោះ​ឡើយ។ នេះ​មានន័យ​ថា អ្នក​គួរ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ដែល​នាំ​មក​នូវ​ភាព​រីករាយ​ ដូច​ជា ធ្វើ​ការងារ​ដែល​អ្នក​ពេញចិត្ត ចំណាយ​ពេល​ជា​មួយ​​មនុស្ស​ដែល​អ្នក​ស្រលាញ់ ធ្វើ​​ទង្វើ​មាន​តម្លៃ​ឲ្យ​បាន​ច្រើន នោះ​សុភមង្គល​ផ្លូវ​ចិត្ត​នឹង​មាន​ជា​មិន​ខាន៕

Post a Comment

 
Top