៧ឃ្លា បុគ្គលជោគជ័យនានាមិនដែលនិយាយ
ភាពជោគជ័យ មិនមែនជាអ្វីដែលអាចសម្រេចបានតែមួយថ្ងៃ ឬមួយយប់បានទេ តែត្រូវឆ្លងកាត់បរាជ័យគ្រប់រសជាតិជាមុនសិន។ អ្នកចង់ទទួលបានជោគជ័យ ត្រូវធ្វើការយ៉ាងលំបាក ចំណាយពេលវេលាយូរ និងការតាំងចិត្តខ្ពស់។
ស្ថាបនិក Facebook លោក Mark Zuckerberg
រាល់មេដឹកនាំ សហគ្រិន និងឧត្ដមជនជោគជ័យនានា តែងតែមានផ្លូវដើររៀងៗខ្លួន ប៉ុន្តែគោលដៅតែមួយគឺទៅរកភាពជោគជ័យ។ មានកត្តាជាច្រើន ដែលបានចងបុគ្គលជោគជ័យទាំងនេះឲ្យដើរឆ្ពោះទៅគោលដៅរួម ដោយខ្លះចំណាយពេលវេលាតិច និងខ្លះចំណាយពេលវែងឆ្ងាយ។
សៀវភៅរបស់អ្នកនិពន្ធលោក Steve Siebold មានចំណងជើងថា “How Rich People Think” បានសម្ភាសមហាសេដ្ឋីជាងមួយពាន់នាក់ រយៈពេលជាង ៣ទសវត្ស ដើម្បីចង់ដឹងថាអ្វីធ្វើឲ្យពួកគេជោគជ័យ មានទ្រព្យច្រើនជាងមនុស្សធម្មតាបែបនេះ។
ចម្លើយដែលរកបាននោះគឺពិតជាសាមញ្ញ។ Steve រកឃើញថា វាគ្មានអ្វីជាបញ្ហាទេ មិនថាអ្នកកើតនៅទីណា ត្រកូលក្រខ្សត់យ៉ាងណា អ្វីដែលនាំឲ្យក្លាយជាមហាសេដ្ឋី កើតចេញពីចិត្តគំនិត ការគិត ដែលជួយជំរុញឲ្យពួកគេឈានដល់គោលដៅ។
មុនទៅដល់គោលដៅទាំងនោះ បុគ្គលល្បីនានា មិនដែលនិយាយឃ្លាទាំង ៧ខាងក្រោមនេះឡើយ ព្រោះវានឹងធ្វើឲ្យរាំងដំណើរ ចំពោះគោលដៅពួកគេ។
១. “ខ្ញុំស្អប់ការងាររបស់ខ្ញុំ”
ពាក្យស្អប់ការងារនេះ មានន័យថាអ្នកស្អប់ក្រុមហ៊ុន ស្អប់ថៅកែក្រុមហ៊ុន ដូចនេះអ្នកពុំពេញចិត្តធ្វើអ្វីមួយ ឲ្យអស់លទ្ធភាពខ្លួនមានឡើយ។ ឃ្លាមួយនេះ ត្រូវគេប្រុងប្រយ័ត្នជាខ្លាំង ទោះស្ថិតក្នុងស្ថានភាពអាប់អួ ធុញថប់ មួរម៉ៅក្ដៅក្រហាយយ៉ាងណាក៏ដោយ ចៀសវាងកុំនិយាយពាក្យនេះ។
២. “វាមិនយុត្តិធម៌”
ឃ្លានេះ ចង់ចង់មានន័យថា ពេលមិត្តរួមការងារទទួលបានការកោតសរសើរ រង្វាន់លើកទឹកចិត្តណាមួយ អ្នកមិនគួរនិយាយថាមិនយុត្តិធម៌សម្រាប់ខ្លួនឡើយ ផ្ទុយទៅវិញអ្នកត្រូវប្រឹងប្រែងធ្វើការបន្ថែម សម្រេចបានស្នាដៃណាមួយឲ្យលេចធ្លោដូចគេ។
៣. “ខ្លាចការរកឃើញថ្មីៗ”
ការច្នៃប្រឌិតបង្កើតថ្មី គឺជាលក្ខណៈសម្បត្តិសំខាន់មួយរបស់បុគ្គលជោគជ័យ។ អ្នកត្រូវតែរៀនទទួលយកនូវអ្វីដែលថ្មី និងមិនត្រូវខ្លាចធ្វើអ្វីដោយមានភាពច្នៃប្រឌិតឡើយ។ គ្មាននរណាម្នាក់អាចសម្រេចភាពជោគជ័យ ដោយមិនមានធ្វើអ្វីថ្មីប្លែកគេនោះទេ។ ឧទាហរណ៍ អតីតស្ថាបនិក Apple លោក Steve Jobs ស្រាប់ លោកមានមហិច្ឆតាក្នុងការរករបស់ថ្មី ដែលនាំដល់ការបង្កើត iPhone និង iPad ធ្វើឲ្យផ្លាស់ប្ដូរពិភពលោកដល់បច្ចុប្បន្ន។
៤. “វាមិនមែនការងាររបស់ខ្ញុំទេ”
បុគ្គលជោគជ័យ តែងតែប្រកាន់ខ្ជាប់ទ្រឹស្ដីសំខាន់មួយថា ”ប្រសិនបើអ្នកពិតជាជោគជ័យ អ្នកប្រាកដជួយអ្នកដទៃឲ្យជោគជ័យតាមខ្លួនដែរហើយ”។ ដូចឃ្លាមហាសេដ្ឋី Warren Buffett និយាយថា “មនុស្សម្នាក់អាចជ្រកម្លប់បាន ដោយសារតែមានមនុស្សម្នាក់ទៀតបានដាំដើមឈើនោះជាយូរមកហើយ”។
ចំណែកការងារក៏ដូចគ្នានោះដែរ ប្រសិនបើនៅតែប្រកាន់ថាមិនមែនកិច្ចការខ្លួន ខ្លួនជួយមិនបានទេ នោះជាគំនិតគិតមិនបានវែងឆ្ងាយ។ អ្នកគួរតែសាកល្បងនូវកិច្ចការថ្មីៗ ដែលឱកាសហុចឲ្យ។
៥. “ខ្ញុំមិនអាចធ្វើបានទេ”
៥. “ខ្ញុំមិនអាចធ្វើបានទេ”
គ្មានរឿងអ្វីថាមនុស្សមិនអាចធ្វើបានទេ។ មនុស្សជោគជ័យ មិនដែលត្អូញត្អែរ អំពីរនាំងឧបសគ្គទេជំនួសមកវិញ ពួកគេព្យាយាមរកផ្លូវចេញជុំវិញឧបសគ្គទាំងនោះ ដោយប្រើភាពប៉ិនប្រសព្វច្នៃប្រឌិតដែលខ្លួនគេអាចធ្វើបាន។ ពាក្យ “មិនអាច, នឹងមិន, ទៅមិនរួច” ជាឃ្លាកម្រត្រូវបានគេឮចេញពីមាត់បុគ្គលទាំងនោះណាស់។ ពួកគេដឹងច្បាស់ថា ការត្អូញត្អែរ ការទួញ នឹងមិនអាចជួយដោះស្រាយបញ្ហាពួកគេបានឡើយ។
៦. “ខ្ញុំអាចមានក្ដីសោកស្ដាយ”
បុគ្គលជោគជ័យនានា ពេលខ្លួនជួបបរាជ័យមិនដែលនិយាយពាក្យសោកស្ដាយ ឬមានវិប្បដិសារីឡើយ តែត្រូវក្រោកឈរព្យាយាមម្ដងទៀត ដោយដើរលើផ្លូវថ្មីផ្សេងមួយ។
៧. “ ខ្ញុំគ្មានជម្រើសទេ”
ការនិយាយឃ្លាថា “ការងារនេះ ជាការងារគ្មានជម្រើស” គឺជាការចាត់ទុកខ្លួនអ្នកដូចជនរងគ្រោះមួយរូបដែរ ហើយអ្នកមិនមានកម្លាំងចិត្តចំពោះបរិយាកាសការងារឡើយ។ ផ្ទុយមកវិញ ការងារដែលកំពុងធ្វើ ជាការងារអ្នកស្រលាញ់ខ្លាំង និងចូលចិត្តបំផុត៕
Post a Comment