នៅពេលស្ថិតនៅក្នុងវ័យខ្ទង់ ២០ ប្រិយមិត្តប្រហែលជាមិនសូវបានគិតគ្រប់ជ្រុងជ្រោយនោះឡើយ ហើយក៏មិនបានយកចិត្តទុកដាក់លើការពង្រឹងការងារក្នុងកម្រិតខ្ពស់ប៉ុន្មានដែរ។ លោកអ្នកអាចធ្វើការសម្រេចចិត្តភ្លាមៗ មិនបានគិតពិចារណាឲ្យបានដិតដល់ ឬ ធ្វើអ្វីៗ ទៅតាមតែនឹកឃើញ។
ទាំងនេះសុទ្ធតែជាហានិភ័យមួយ ដែលអាចធ្វើឲ្យអនាគតរបស់លោកអ្នកស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។ សាកតាមដានទាំងអស់គ្នាទៅមើល៍ថា តើមិត្តអ្នកអានមានចំណុចទាំង ៨ នេះដែរឬទេ? បើមានឆាប់ជម្រុះចោលក្នុងឆ្នាំ ២០១៤ នេះឲ្យហើយទៅ មុនឆ្នាំ ២០១៥ ចូលមកដល់!
១) ធ្វើពុធអ្វីមួយដែលអ្នកមិនចង់ធ្វើ
អ្នកប្រហែលជាដើរតួសម្ដែងបានល្អ ធ្វើជាមនុស្សម្នាក់ដែលសកម្មនឹងការងារ រៀនសូត្រ គោរពស្រលាញ់ ជាដើមដើម្បីទាក់ទាញប្រជាប្រិយភាព និង ចំណាប់អារម្មណ៍ពីអ្នកដទៃទាងការពិតថា អ្នកមិនចង់ធ្វើរឿងទាំងនេះឡើយ។ បើអ្នកផុងខ្លួនក្នុងស្ថានភាពបែបនេះមាន គួរតែដកខ្លួនឲ្យហើយ ហើយសម្ដែងការពិតរបស់អ្នកចេញមក ទើបអ្នកអាចជួសជុលចំណុចអវិជ្ជមានរបស់អ្នកបាន។
២) ធ្វើការសម្រេចចិត្តដោយផ្អែកលើទឹកលុយ
អ្នកប្រហែលជាមនុស្សដែលចូលចិត្តធ្វើការងារផ្សេងៗ ដើម្បីគោលដៅមួយតែប៉ុណ្ណោះគឺលុយ។ ដូចច្នេះបើប្រាក់ខែតិច វាច្បាស់ថា អ្នកមិនខ្ចីខ្វល់ ឬ មិនធ្វើតែម្តង។ នេះគឺជារឿងមួយគ្រោះថ្នាក់ ព្រោះថា ការយកលុយដឹកមុខនៅពេលសម្រេចចិត្តផ្សេងៗមិនអាចធ្វើឲ្យអ្នកមានអាជីពនោះឡើយ តែអាជីពទេដែលធ្វើឲ្យអ្នករកលុយបានច្រើន។ ទោះបីជាបានលុយតិចក៏ដោយ ឲ្យតែការងារត្រូវជំនាញ និង បទពិសោធន៍ អ្នកគួរតែដាក់ខ្លួនធ្វើទៅ។
៣) ធ្វើការ ៥០ ម៉ោង ៦០ ម៉ោង និង ៨០ ម៉ោងក្នុងមួយសបា្តហ៍
អ្នកមិនមែនជាម៉ាស៊ីនទេ មែនទេ? ពីព្រោះតែចង់បានលុយ ចង់ទាក់ទាញចៅហ្វាយរបស់អ្នក ឬ ខិតខំដើម្បីឲ្យជីវិតការងាររបស់អ្នកជោគជ័យ អ្នកបានក្លាយជាមនុស្សម្នាក់គ្មានពេលទំនេរគ្រប់គ្រាន់សម្រាប់លំហែកាយ គេងមិនឆ្អែត គិតតែធ្វើការគ្មានថ្ងៃសម្រាក។ មនុស្សដែលមានធ្វើការបែបនេះ ជីវិតគួរឲ្យអាណិតណាស់។ សូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ហើយមករៀបចំគម្រោងការងារឲ្យបានល្អ និង បែងចែកពេលវេលាឲ្យបានត្រឹមត្រូវ ទើបជីវិតរបស់អ្នករស់នៅដោយភាពស្រស់ស្រាយបាន។
៤) ទុកគ្រួសារ និង មិត្តភាពមួយឡែក
បុគ្គលជោគជ័យ គឺជាមនុស្សដែលសំបូរទៅដោយមិត្តភាពជាមួយបុគ្គលជោគជ័យច្រើនដែរ ហើយនោះមិនមែនត្រឹមតែអ្នករួមការងារប៉ុណ្ណោះទេ តែក៏មានមិត្តភក្ដិ ជាពិសេសគ្រួសាររបស់អ្នក។ ប៉ុន្តែ បើអ្នករុញច្រានខ្លួនអ្នកងាកចេញពីទំនាក់ទំនងទាំងនេះ ហើយចាត់ទុកគ្រួសារ និង មិត្តភក្ដិជាមិនសូវសំខាន់ហើយនោះ មានន័យថា អ្នកក៏កំពុងព្យាយាមដាក់ខ្លួនឯងឲ្យឯកោផងដែរ។
៥) គ្រប់គ្រងសព្វបែបយ៉ាងទាំងអស់
តំណែងជាប្រធានគ្រប់គ្រង គឺជាមោទនភាពមួយដែលនេះអាចធ្វើឲ្យអ្នកភ្លេចខ្លួនចង់ប្រមូលផ្តុំអំណាចគ្រប់គ្រងលើបុគ្គលិកគ្រប់រូប និង មិត្តរួមការងាររបស់អ្នក។ អ្នកអាចគិតថា ខ្លួនអ្នកជាមនុស្សតែម្នាក់គត់ដែលអាចសម្រេចកិច្ចការធំៗដោយខ្លួនឯងបាន មិនចាំបាច់ពឹងពាក់អ្នកណាទាំងអស់។ ទីបំផុតទៅ របៀបគ្រប់គ្រងបែបនេះនឹងធ្វើឲ្យអ្នកបានត្រឹមតែបាត់បង់សម្ព័ន្ធភាពការងារតែប៉ុណ្ណោះ។
៦) មិនប្រឈមមុខនឹងកំហុសដែលអាចកើតមានឡើង
អ្នកអាចជាមនុស្សម្នាក់ដែលភ័យខ្លាចថា កំហុសនឹងកើតមានឡើង ប្រសិនបើអ្នកធ្វើការងារនេះ ឬ ការងារនោះ។ ហេតុដូច្នេះហើយ អ្នកចេះតែដើរគេចចេញមិនព្រមធ្វើអ្វីសោះ ហើយបើមានឧបសគ្គកើតមានឡើងក៏មិនហ៊ានប្រឈមមុខជាដើម។ នេះគឺជារូបភាពដ៏គ្រោះថ្នាក់មួយ ត្បិតអីជីវិតការងារដែលជោគជ័យ គឺជាជីវិតដែលទទួលយក និង ហ៊ានប្រឈមមុខទៅនឹងឧបសគ្គដែលកើតមានឡើងដោយការទទួលខុសត្រូវ។
៧) អាត្មានិយម
យុទ្ធសាស្ត្រទំនាក់ទំនងដ៏ល្អបំផុតរបស់អ្នក គឺការស្វែងរកឱកាសថ្មីៗដើម្បីជួយអ្នកដទៃឲ្យបានច្រើន។ ប្រសិនបើអ្នកដាក់ខ្លួនអ្នកមានភាពអាត្មានិយម ធ្វើអ្វីៗដើម្បីតែខ្លួនឯង មិនយល់ពីអារម្មណ៍និង ផលប្រយោជន៍រួមរបស់អ្នកដទៃ នេះមានន័យថា អ្នកកំពុងកសាងទ្រនំខ្ទមរស់នៅម្នាក់ឯងនៅកណ្តាលព្រៃហើយ។
៨) មិនឲ្យតម្លៃសុភមង្គលរបស់ខ្លួន
មនុស្សភាគច្រើនបានយល់ថា សុភមង្គលរបស់ខ្លួននឹងមាននៅពេលបន្ទាប់ ថ្ងៃស្អែក ឬ ឆ្នាំក្រោយ ជាដើម។ ហេតុដូច្នេះហើយបានជាពួកគេបានចាត់ទុករឿងនេះមួយឡែកហើយយកចិត្តទុកដាក់លើការងារផ្សេងទៅវិញ។ គួរឲ្យសោកស្តាយ អ្វីដែលពួកគេរំពឹងទុក មិនច្បាស់ថា ១០០% កើតមាននៅពេលបន្ទាប់នោះឡើយ។ នេះមានន័យថា អ្នកគួរតែធ្វើអ្វីម្យ៉ាងដែលនាំមកនូវភាពរីករាយ ដូចជា ធ្វើការងារដែលអ្នកពេញចិត្ត ចំណាយពេលជាមួយមនុស្សដែលអ្នកស្រលាញ់ ធ្វើទង្វើមានតម្លៃឲ្យបានច្រើន នោះសុភមង្គលផ្លូវចិត្តនឹងមានជាមិនខាន៕
Post a Comment